អភិបាលខេត្តកំពង់ចាម ជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ជាពិសេសបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញសមត្ថកិច្ចពាក់ព័ន្ធ ចាំបាច់ត្រូវពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យកាន់ល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាមផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការធ្វើរដ្ឋបាលចល័ត រដ្ឋបាលចំហ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវមានការគ្រប់គ្រងឱ្យមានលំដាប់លំដោយ ឱ្យមានវិន័យច្បាស់លាស់ ធ្វើយ៉ាងណាត្រូវធានាអនុវត្តឱ្យបានហ្មត់ចត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមិនឱ្យបទបញ្ជារបស់សម្តេចធ្លាក់ ដល់ដីទាន់ឡើយ ពោលគឺត្រូវគ្រប់គ្រង និងទប់ស្កាត់ឱ្យជាប់ចំពោះក្រុមឆ្លៀតឱកាសចល័តចូលមក ក្នុងដែនសមត្ថកិច្ចរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។

អនុក្រឹត្យនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានា ដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»