ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូ DBST ប្រវែង២,០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម០,៥ម៉ែត្រសងខាង និងសំណង់សិល្បការ្យចាប់ពីគីឡូម៉ែត្រ២៩៩+៩៥០ ដល់គីឡូម៉ែត្រ៣០១+៩៥០ និងស្ថាបនាប្រព័ន្ធលូបណ្ដោយផ្លូវ ដោយដាក់លូមូលមុខកាត់១ម៉ែត្រ និងអណ្ដូងលូ (រឺហ្គា) បេតុងសរសៃដែកទំហំ១,៦ម៉ែត្រចំនួន៦០កន្លែង ប្រវែងសរុប១,៥០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ២៩៨+៧០០ ដល់គីឡូម៉ែត្រ៣០០+២០០ ខាងស្ដាំលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។
បន្ទាប់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើរបាយការណ៍សង្ខេបរួចមក លោក សុខ លូ បានណែនាំមន្ទីរសាធារណការ សហការជាមួយមន្ទីរដែនដីចុះវាស់វែងកំណត់ដីចំណីផ្លូវឲ្យបានច្បាស់លាស់ សំដៅទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីដាំដើមឈើ រៀបចំផ្លូវថ្មើជើង ផ្លូវជិះកង់ និងបំពាក់ភ្លើងបំភ្លឺផ្លូវទៅថ្ងៃអនាគត។
ឯកឧត្តមអភិបាលខេត្ត បានរំលេចពីការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើសំណង់ផ្សេងៗ ដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅក្នុងក្រុងបាត់ដំបង ដើម្បីបើកផ្លូវឲ្យបានធំទូលាយសម្រាប់ ជាប្រយោជន៍កូនចៅជំនាន់ក្រោយ លើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ឯកឧត្តមបានណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តយុទ្ធនាការរំដោះដីចំណីផ្លូវ គឺដាច់ខាតមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ពោលគឺរំដោះយកតែដីចំណីផ្លូវសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ៕




























