(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីតំណាងដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រី ប្រតិភូអប់រំ យុវជន និងកីឡារាជធានី-ខេត្ត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យមើលឡើងវិញរួមគ្នាស្តីពី វឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡាដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ សន្និបាតអប់រំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់” ក្នុងគោលបំណងបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក។
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ឱ្យដឹងថា សន្និបាតបូកសរុបការងារអប់រំឆ្នាំនេះ ក្រសួងបានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖ (១) ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់, (២) ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្ម និងកំណើនសេដ្ឋកិច្ច, (៣) ការអភិវឌ្ឍ យុវជន ដើម្បីជាតិ និងប្រជាជន, (៤) ការអភិវឌ្ឍការអប់រំកាយនិងកីឡា ដើម្បីសុខុមាលភាព និងកិត្យានុភាពជាតិ និង(៥)ផលប៉ះពាល់លើវិស័យអប់រំបណ្តាលមកពីការឈ្លានពានរបស់កងទ័ពថៃ និងវិធានការឆ្លើយតបនានារបស់វិស័យអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះគឺការបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ រាប់ចាប់តាំងពីឆ្នាំ២០១៣ លើគ្រប់ការដ្ឋានកំណែទម្រង់ទាំងអស់ ព្រមទាំងពិនិត្យមើលលើសមិទ្ធផលទាំងបរិមាណវិស័យ និងគុណវិស័យ ដើម្បីដាក់ចេញនូវវិធានការគាំទ្រដល់ទស្សនៈមួយ ដែលបានលើកឡើងថា «ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្ត តាមរយៈនវានុវត្តន៍ ស្របតាមបរិបទជាក់ស្តែង»។
ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកឡើងជូននូវសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមក ដែលមានដូចជា៖ (១)៖ សមិទ្ធផលផ្នែកបរិមាណវិស័យ មានដូចជា៖ ការអប់រំកុមារតូច, ការអប់រំនៅបឋមសិក្សា, ការអប់រំមធ្យមសិក្សា, ការអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន, ការអប់រំឧត្តមសិក្សា, ការងារអភិវឌ្ឍយុវជន, ការងារអប់រំកាយ និងកីឡា។ (២) សមិទ្ធផលផ្នែកគុណវិស័យ មានដូចជា៖ ការអប់រំបឋមសិក្សា, ការអប់រំមធ្យមសិក្សា។ (៣) វឌ្ឍនភាពនៃកំណែទម្រង់អប់រំចាប់តាំងពីឆ្នាំ ២០១៣ មានដូចជា៖ កំណែទម្រង់ដំណាក់កាលទី១, កំណែទម្រង់ដំណាក់កាលទី២, កំណែទម្រង់ដំណាក់កាលទី៣ រួមទាំងមានផែនការអប់រំជាច្រើនផ្សេងទៀតផងដែរ៕













