(បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជំរុញមន្ត្រីពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណាបន្តបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព និងជាទីគាប់ចិត្ត។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានរំលឹកថា កន្លងមក ឯកឧត្តមធ្លាប់ដាក់ចេញយុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មូលដ្ឋាន ដោយឥតគិតថ្លៃ និងឆាប់រហ័ស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។
យុទ្ធនាការនេះ កើតឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្នុងគោលបំណងពង្រឹងកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងលើកកម្ពស់គុណភាពសេវាសាធារណៈ។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានជំរុញមន្ត្រីថ្នាក់ក្រោមជាតិ រៀបចំវេទិកាសាធារណៈបន្ថែម ដើម្បីទទួល និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពការងារ និងបង្កើនទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «តួនាទីរបស់ក្រុមការងារយើង គឺជំរុញ និងត្រួតពិនិត្យការអនុវត្តគោលនយោបាយអាទិភាព និងវិធានការគន្លឹះ។ យើងបាន និងកំពុងបន្តអនុវត្តជាមួយគ្នា។ ចំពោះបញ្ហាអសកម្ម យើងមានយន្តការវេទិកាសាធារណៈ និងយន្តការបន្ថែមតាមប្រព័ន្ធឌីជីថល ដើម្បីទទួល និងដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព»៕










