មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បន្តបាញ់ថ្នាំមូសនៅតាមមូលដ្ឋានជុំវិញលំនៅដ្ឋានពលរដ្ឋ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម


(ភ្នំពេញ)៖ មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បានបន្តបាញ់ថ្នាំមូស នៅតាមមូលដ្ឋាន ក្នុងជុំវិញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

បើតាមលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លាប្រមាណ ១៥០ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។

លោកស្រី ដោ សម្ផស្ស បានលើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើនមូស ក្នុងសហគមន៍»

ក្នុងនាមរដ្ឋបាលរាជធានី លោកស្រីសូមជម្រាបជូនសាធារណជនជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនបងប្អូនពិតមែន ប៉ុន្តែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។

លោកស្រី ដោ សម្ផស្ស បានបន្តថា៖ «ត្បិតយើងមិនបានផ្សព្វផ្សាយទូលំទូលាយយ៉ាងណាក្តី ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំមូសជាប់ជាប្រចាំ នៅតាមផ្ទះ ក្នុងភូមិ សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងតំបន់នានា ក្នុងមូលដ្ឋាន ជារៀងល្ងាច។ យើងនឹងបន្តចុះបាញ់ថ្នាំមូស នៅតាមមូលដ្ឋាន ជាបន្តបន្ទាប់ទូទាំង រាជធានីភ្នំពេញទាំងមូល។ សុខុមាលភាពរបស់ប្រជាជន ការងារសណ្តាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារ សន្តិសុខសាធារណៈ និងកិច្ចការស្នូលជាច្រើនទៀតផ្សេង ៗ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋាន ដោយមិនគិតថ្ងៃយប់ឡើយ»៕