អាជ្ញាធរជាតិអប្សរា បានបន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អៗ និងអាចពន្យាការស្នាក់នៅបានយូរ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនិមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង ដើម្បីលើកទឹកចិត្តដល់ទេសចរទៅទស្សនាកម្សាន្ត។ ពិសេស ភ្ញៀវទេសចរជាតិ មកទស្សនាប្រាសាទនានា នឹងយល់ដឹងរឿងរ៉ាវប្រវត្តិសស្រ្ត ប្រវត្តិសិល្បៈច្រើនជាងមុន។ លោកថា ការសិក្សារៀបចំវង់ទស្សនាទាំងនោះ បានធ្វើនៅតាមប្រាសាទជាច្រើនក្នុងវង់តូច និងវង់ធំរួចមកហើយ គឺខ្វះតែការដំឡើងបរិក្ខារទេសចរណ៍មួយចំនួនឱ្យរួចរាល់ ទើបដាក់ឱ្យអនុវត្តដូចប្រាសាទផ្សេងៗ។
លោកបន្តថា កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសដាក់ឱ្យដំណើរការវង់ទស្សនាជាផ្លូវការមួយចំនួននៅប្រាសាទភ្នំក្រោម ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម។ ប្រសិនបើអាចបំពាក់បរិក្ខាររួចរាល់ គឺអាចនឹងប្រកាសឱ្យប្រើប្រាស់វង់ទស្សនាថ្មីចំនួន២បន្ថែមទៀត គឺនៅប្រាសាទព្រះខ័ន និងប្រាសាទតាកែវ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងសិក្សាវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយធំ ក្បាលស្ពាន និងប្រាសាទមួយចំនួនទៀត ដែលទេសចរមិនសូវចាប់អារម្មណ៍ រួមមាន៖ ប្រាសាទចៅស្រីវិបុល ក្រុមប្រាសាទតំបន់រលួស និងប្រាសាទបេងមាលា។
មានន័យថា យើងគ្រាន់តែផ្តល់ព័ត៌មានមួយដែលជាព័ត៌មានពិត ជាក់លាក់ ទៅឱ្យភ្ញៀវទេសចរបានទស្សនា ប៉ុន្តែចំពោះការឆ្ងល់ឬអ្វីផ្សេងៗអត់ដូចភ្ញៀវដែលមានមគ្គទ្ទេសទេ ព្រោះភ្ញៀវមានមគ្គុទ្ទេសគាត់អាចសួរបន្ថែម អាចមានមគ្គុទ្ទេសនាំផ្លូវ ធ្វើឱ្យគាត់ល្អប្រសើរជាងភ្ញៀវដែលអត់មានមគ្គុទ្ទេស ប៉ុន្តែអ្វីដែលយើងធ្វើគឺបំពេញនូវសេចក្តីត្រូវការភ្ញៀវដែលគ្មានមគ្គុទ្ទេស ដែលគាត់ចង់បានព័ត៌មានជាក់លាក់មួយរបស់ប្រាសាទដែរ នេះជាអ្វីដែលយើងបំពេញតម្រូវការដែលភ្ញៀវធ្លាប់សំណូមពរ។
បើតាមលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បញ្ជាក់ថា នេះជាការកែសម្រួលបន្ថែម លើផលិតផលទេសចរណ៍ឱ្យមានភាពទាក់ទាញ និងលើកទឹកចិត្តឱ្យទេសចរចូលទៅទស្សនាប្រាសាទជាច្រើន ដែលពួកគេពុំធ្លាប់បានទៅពីមុន និងជាជម្រើសសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរលើកទី២ ឬលើកទី៣៕








