ឯកឧត្តម ឃួន ផុនរតនៈ ស្នើដល់សមាជិកសភាក្រុងអាសាន់ ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធមេត្រីរវាងក្រុងអាសាន់ និងក្រុង រឺខេត្តណាមួយរបស់ប្រទេសកម្ពុជាផងដែរ


នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bok Ki-wang សមាជិកសភាក្រុងអាសាន់ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងក្រុមការងារចំពោះកិច្ចកម្ពុជា-កូរ៉េ ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មអនឡានក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះកម្ពុជាបានចាប់ និងបញ្ជូនឧក្រិដ្ឋជនកូរ៉េជាច្រើននាក់ត្រលប់មកប្រទេសកូរ៉េវិញ។

ជាការឆ្លើយតប ឯកឧត្តម Bok Ki-wang បានមានប្រសាសន៍ថា រដ្ឋាភិបាល និងប្រជាជនកូរ៉េយល់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងសងខាង ក្នុងការធ្វើឱ្យស្ថានការណ៍ត្រលប់ទៅរកប្រក្រតីភាពវិញ។ ឯកឧត្តមក៏បានបន្តថា ស្ថានភាពពេលនេះមានភាពប្រសើរជាងមុនច្រើន ហើយឯកឧត្តមសង្ឃឹមថា នឹងអាចទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងពេលឆាប់ៗនេះ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តម ឯកអគ្គរាជទូត បានបន្ថែមថា ក្រុងអាសាន់មានបងប្អូនសហគមន៍ខ្មែររស់នៅច្រើន ហើយកន្លងមក បងប្អូនខ្មែរនៅក្រុងអាសាន់ ក៏បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជាកម្មវិធីសង្ក្រាន្ត និងកម្មវិធីប្រកួតបាល់ទាត់ ជាដើម។

ឯកឧត្តម ស្នើសុំ ឯកឧត្តម Bok Ki-wang ផ្តល់ការសហការសម្របសម្រួលក្នុងការរៀបចំកម្មវិធី និងអញ្ជើញចូលរួមជាមួយស្ថានទូត និងសហគមន៍ខ្មែរក្នុងកម្មវិធីផ្សេងៗ នៅក្រុងអាសាន់។ លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានស្នើឯកឧត្តម Bok Ki-wang ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធមេត្រីរវាងក្រុងអាសាន់ និងក្រុង រឺខេត្តណាមួយរបស់ប្រទេសកម្ពុជាផងដែរ៕