កម្ពុជា តវ៉ាជំទាស់សកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។

ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែម ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញ នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។

ជាមួយគ្នានេះ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៦ និង ៤៧ មានសកម្មភាពជីកប្រឡាយ សាងសង់ផ្លូវ និងចាក់ដីលុបស្រះទឹក។

សេចក្តីប្រកាសបានបញ្ជាក់ថា សកម្មភាពទាំងនេះដែលបណ្តាលឲ្យមានការកែប្រែភូមិសាស្ត្រនៃតំបន់ គឺជាការប៉ុនប៉ងយ៉ាងច្បាស់ក្នុងការបង្កើតសភាពការណ៍ជាក់ស្តែង ដើម្បីធ្វើឲ្យការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មានភាពស្របច្បាប់។

ទង្វើទាំងនេះ ត្រូវបានចាត់ទុកថា បំពានលើ អង្គការសហប្រជាជាតិ (UN) និង អាស៊ាន ព្រមទាំងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេស របស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា–ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាបានប្រកាន់ជំហរថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងឡើយ៕