រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យ និងដកស្រង់បទពិសោធន៍សន្និបាតបូកសរុបលទ្ធផលទេសចរណ៍ឆ្នាំ២០២៥


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ និងដកស្រង់បទពិសោធលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ ព្រមទាំងការដកស្រង់បទពិសោធលើការងាររៀបចំសន្និបាតដែលបានរៀបចំនាពេលកន្លងមកនេះ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រី ថ្នាក់ដឹកនាំ និងអគ្គនាយក, នាយិកាវិទ្យាស្ថាន, លោក លោកស្រីប្រធាននាយកដ្ឋានសរុបប្រមាណ ៧៣នាក់។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ បានដំណើរការប្រកបដោយភាពជោគជ័យ ដោយមានអ្នកចូលរួមប្រមាណ ២.០០០នាក់ (ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) ពីមហាក្រសួងវិស័យទេសចរណ៍ និងបានថ្លែងអំណរគុណដល់លោក លោកស្រីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានចូលរួមអនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទិសដៅការងារឆ្នាំ២០២៦ ពោលគឺយើងបានបិទបញ្ចប់ឆ្នាំ២០២៥ ជាមួយនឹងលទ្ធផលដែលអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន ហើយការបើកទំព័រថ្មីនៅឆ្នាំ២០២៦, មានការងារកាន់តែច្រើនចំពោះមុខ ទាំងការងារពង្រឹងស្ថាប័នផ្ទៃក្នុង (សម្អាតផ្ទះយើង) និងការងារខាងក្រៅ គឺពង្រឹងវិស័យទេសចរណ៍៕