សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ថតដោយឯកឧត្តម លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន និងពោលថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»


(ភ្នំពេញ)៖​ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ដែលរូបថតនោះ ថតដោយឯកឧត្តម លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន នៃកិច្ចប្រជុំអាស៊ាន-អាមេរិក។

ជាមួយពាក្យពេចន៍នឹករលឹកដល់ថ្នាក់ដឹកនាំទាំង៣រូបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានពោលពាក្យថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ខ្ញុំទទួលបានរូបថតមួយសន្លឹក ដែលឯកឧត្តម លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី បង្ហោះរំលឹកខួប ១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក (17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម លី សៀវឡុង ជាអ្នកថតនិងបង្ហោះលើគណនី Facebook របស់គាត់។

និយាយតាមត្រង់ ពេលនោះមេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់។ ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់
នេះខ្ញុំមានអាយុតិចជាងគេ និងឯកឧត្តម ថោង លន់ (ឡាវ) អាយុច្រើនជាងគេ។ សូមផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង ៣រូប និងសូមអរគុណឯកឧត្តម លី សៀវឡុង ដែលបានចែករំលែករូបថតនេះដល់ពួកយើង»