តំណាងទីភ្នាក់ងារស្វីស វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់នូវការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ


លោក Arno Wicki ជំនួយការអគ្គនាយក និងជាប្រធានផ្នែកសម្រាប់អាស៊ី-អាម៉េរិក នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់នូវការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ការលើកឡើងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលេខាធិការដ្ឋាន គ.ជ.អ.ប. ។

ក្នុងជំនួបនោះ លោក Arno Wicki បានលើកឡើងថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក៏បានបេ្តជ្ញាខ្ពស់ក្នុងការបន្តគាំទ្រដល់កំណែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានមានប្រសាសន៍ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដែលបានដឹកនាំក្រុមការងារមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដើម្បីជជែកពិភាក្សាអំពីកិច្ចការអាទិភាព ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើរបៀបវារៈនៃកំណែទម្រង់វិមជ្ឈការ ក៏ដូចជាការផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃការអនុវត្តអាទិភាពនយោបាយថ្មីៗ ទស្សនវិស័យរយៈពេលមធ្យមស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរកាអភិបាលកិច្ច និងវិស័យជាសក្តានុពលសម្រាប់កិច្ចសហការបច្ចេកទេសស៊ីជម្រៅ ដើម្បីជំរុញឱ្យការកែទម្រង់សំខាន់ៗទាំងនេះមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ជាលទ្ធផល កិច្ចពិភាក្សាបានឯកភាពពីសារៈសំខាន់នៃរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងការលើកកម្ពស់លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា។

សូមបញ្ជាក់ផងដែរថា កិច្ចពិភាក្សានេះ មានគោលបំណងជជែកពិភាក្សាអំពី៖ ១) កិច្ចការអាទិភាព ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើរបៀបវារៈនៃកំណែទម្រង់វិមជ្ឈការ ។ ២) ការផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព នៃការអនុវត្តអាទិភាពនយោបាយថ្មីៗ ទស្សនវិស័យរយៈពេលមធ្យមស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិបាលកិច្ច។ ៣) វិស័យជាសក្តានុពលសម្រាប់កិច្ចសហការបច្ចេកទេសកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យការកែទម្រង់នេះមានការរីកចម្រើនបន្ថែមទៀត៕