ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សង្ឃឹមយ៉ាងមុតមាំថា ស្មារតី «ខ្មែរជួយខ្មែរ» និងវប្បធម៌ នៃការចែករំលែក នឹងបន្តជានិរន្ដរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តពោធិ៍សាត់ ឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។
ការបង្ហាញក្ដីសង្ឃឹមរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ការជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាក នៃសង្គ្រាមឈ្លានពានតាមព្រំដែន និងការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦។
ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត, លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត, លោក ប៊ុង តាំងឡាយ នាយកទីចាត់ការផែនការវិនិយោគ, មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូបទៀត។
មានមតិសំណេះសំណាល ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកាយវិការសប្បុរសធម៌របស់អស់ លោក លោកស្រី ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តទាំងអស់។
ជាការពិតណាស់ បងប្អូនបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ មាន ៣វិស័យសំខាន់ៗរួមមាន ៖ ទី១-ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ពីចំណុចទេពឧកញ៉ា ឃ្លាំង មឿង ដល់វត្តវាល។ ដែលនេះ គឺជាការផ្តល់ «ពន្លឺ និងសុវត្ថិភាព» ជូនដល់ប្រជាពលរដ្ឋ និងបានធ្វើឱ្យមុខមាត់ខេត្តកាន់តែស្រស់បំព្រង ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ទី២-ការជួយដល់វីរកងទ័ពជួរមុខ កំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាកនៃសង្គ្រាមឈ្លានពានតាមព្រំដែន បងប្អូនមិនបានឈរមើលដោយបង្អង់ឡើយ។ ស្បៀងអាហារ និងថវិកាដែលបងប្អូនបានផ្តល់ឱ្យ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនខ្មែរយើងដែលកំពុងរងគ្រោះ ឱ្យមានសង្ឃឹមឡើងវិញ។
ទី៣-ការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធិសម្រាប់ជួយសង្គ្រោះដល់ជនងាយរងគ្រោះ ចាស់ជរា និងកុមារកំព្រា។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ស្មារតី «ខ្មែរជួយខ្មែរ» និងវប្បធម៌នៃការចែករំលែកនេះ នឹងនៅតែបន្តជានិរន្តរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តរបស់យើង ឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តម ប្តេជ្ញាចិត្តនឹងខិតខំបន្តបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មរបស់បងប្អូន ឱ្យកាន់តែរីកចម្រើន៕



