នារសៀលថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា បេសកកម្មនេះគឺក្នុងគោលបំណងតាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ដែលទទួលបានហិរញ្ញប្បទានពីធនាគារ ADB ដើម្បីជំរុញការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករ និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់បន្ថែមថា គម្រោងទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនេះ មិនត្រឹមតែមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពហុវិស័យ រួមមាន៖ ការលើកកម្ពស់វិស័យអេកូទេសចរណ៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជាពិសេសការការពារសត្វកម្រជិតផុតពូជ (សត្វខ្សិប – Bengal Florican) ដើម្បីធានាបាននូវសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕


