ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦- ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ៖ “សំណេរ និងអំណានក្នុងបរិបទថ្មី” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ខណៈដែលទិវាមួយនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅចំថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ ដែលមានការទទួលស្គាល់ និងប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថា ការប្រារព្ធទិវាជាតិអំណាននេះឡើងក្នុងគោលបំណងបន្តបណ្ដុះទម្លាប់អាន និងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
សូមជម្រាបជូនថា កាលពីចុងឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃការរៀបចំប្រារព្ធទិវាអំណានលើកទី១១ សម្រាប់ឆ្នាំ២០២៦នេះ ដោយកិច្ចពិភាក្សាបានផ្តោតលើការផ្លាស់មតិយោបល់ប្រមូលធាតុចូល ដើម្បីកែលម្អ និងសម្រេចលើប្រធានបទសម្រាប់កិច្ចពិភាក្សាតុមូល បាឋកថា និងបទអន្តរាគមន៍ផ្សេងៗក្នុងកម្មវិធីនេះ ស្របតាមចក្ខុវិស័យវិស័យអប់រំ និងឆ្លើយតបនឹងបរិបទថ្មីរបស់កម្ពុជា យុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់ក្រុមការងារឱ្យរៀបចំសកម្មភាព និងប្រធានបទក្នុងទិវាអំណាន ២០២៦ ដោយផ្តោតលើការផ្សព្វផ្សាយអំពីវិធីសាស្ត្រអំណានដំបូង ប្រវត្តិភាសាខ្មែរ វិធីសាស្ត្របង្រៀនភាសាខ្មែរ ទស្សនទានស្តីពីវិទ្យាសាស្ត្រអំណាន ការលើកកម្ពស់អ្នកនិពន្ធសតវត្សទី២១ លើកកម្ពស់ការស្វែងយល់ និងវិភាគស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អក្សរសិល្ប៍ សំណេរ និងអំណានក្នុងបរិបទថ្មី ដែលកម្ពុជាកំពុងមានបញ្ហាសង្គ្រាមនៅព្រំដែនជាមួយប្រទេសថៃជាដើម៕

