កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ!


(ភ្នំពេញ)៖ បើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកន្លងមកគ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត សៀមរាប ត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ ដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរ បំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា៕