ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវ មិនលើសពី៤៨ម៉ោង


ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឱ្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវ មិនលើសពី៤៨ម៉ោង ដើម្បី ធានាដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម។នេះបើយោងតាមការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបាន មិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ ថា សូម្បីក្រុមឆបោកតាមប្រព័ន្ធអនឡាញ នៅតែសមត្ថកិច្ចយើងអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះ ត្រឹមក្មេងទំនើង ឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន។

សូមបញ្ជាក់ថា រយៈពេល៧ថ្ងៃ ឆ្នាំ២០២៦ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា កម្លាំងនគរបាលជាតិបានបង្ក្រាបក្មេងទំនើង២១ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧០នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។  ជាមួយគ្នានេះករណីល្បែងស៊ីសងក៏ត្រូវសមត្ថកិច្ចបង្ក្រាបបាន៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។

ករណីក្មេងទំនើងនិងល្បែងស៊ីងសងខុសច្បាប់ ដែលកម្លាំងនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ បាត់ដំបង និងខេត្តពោធិ៍សាត់៕