សម្តេចតេជោ ណែនាំឱ្យគ្រប់ក្រុមសម្តែង កែតម្រូវពាក្យសម្តី និងកាយវិការ ជៀសវាងប៉ះពាល់ដល់ការគោរពសក្ការៈរបស់សាសនាឥស្លាម ដើម្បីរក្សាសុខដុមរមនាសាសនា


(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារណែនាំជាបន្ទាន់មួយដល់គ្រប់ក្រុមសម្តែងសិល្បៈទាំងអស់ ឱ្យពិនិត្យ និងកែតម្រូវឡើងវិញនូវពាក្យពេចន៍ ព្រមទាំងកាយវិការរបស់ខ្លួន ជៀសវាងដាច់ខាតនូវការខ្វះការគោរព ឬប៉ះពាល់ដល់ព្រះរបស់សាសនាឥស្លាម។ ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មពីសំណាក់បងប្អូនខ្មែរឥស្លាម ពាក់ព័ន្ធនឹងការសម្តែងក្នុងពិធីបុកល័ក្ខមួយនាពេលថ្មីៗនេះ។

យោងតាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រ សម្តេចបានបង្ហោះសារទាក់ទងនឹងពិធីបុកល័ក្ខ ដែលមានតួសម្តែងជាខ្មែរឥស្លាម។ ក្រោយពីទទួលបានមតិយោបល់ត្រឡប់មកវិញ សម្តេចបានកត់សម្គាល់ឃើញថា បងប្អូនសាសនិកឥស្លាម មិនបានជំទាស់នឹងការយកតួអង្គខ្មែរឥស្លាមទៅសម្តែងនោះទេ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបថនៃការសម្តែងមួយចំនួន បានបង្ហាញពីការខ្វះការគោរពចំពោះព្រះនៃសាសនាឥស្លាម ទើបបណ្តាលឱ្យមានប្រតិកម្មកើតឡើង។

ទាក់ទងនឹងបញ្ហានេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ «បងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាល់ឡោះ ដូចនេះមិនអាចសម្តែងប៉ះពាល់បានទេ»។ សម្តេចតេជោ បានចង្អុលបង្ហាញថា បញ្ហានេះចាប់ផ្តើមចេញពីការមិនយល់ដឹងច្បាស់លាស់ពីសំណាក់តួអង្គ ឬក្រុមសម្តែងផ្ទាល់។ ដូច្នេះ សម្តេចបានតម្រូវឱ្យគ្រប់ក្រុមសម្តែងទាំងអស់ ត្រូវតែត្រួតពិនិត្យ រៀបចំ និងកែតម្រូវជាបន្ទាន់នូវរាល់ពាក្យសម្តី និងកាយវិការ ដើម្បីជៀសវាងឱ្យខាងតែបាននូវការខ្វះការគោរពចំពោះបងប្អូនខ្មែរឥស្លាម។

ជាទីបញ្ចប់ ដើម្បីថែរក្សានូវតម្លៃនៃសន្តិភាព និងការរស់នៅជាមួយគ្នាដោយការយោគយល់ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជាតិទាំងមូល ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា បន្តរីកចម្រើនតទៅមុខទៀត»។

គួររំលឹកផងដែរថា កម្ពុជាតែងតែត្រូវបានពិភពលោកកោតសរសើរចំពោះសុខដុមនីយកម្មសាសនា ដែលប្រជាពលរដ្ឋកាន់សាសនាខុសគ្នា អាចរស់នៅជាមួយគ្នាដោយសុខសាន្ត ក្រោមដំបូលសន្តិភាពតែមួយ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា៕