(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីខួប៥ឆ្នាំ វេទិកាសន្ដិភាពកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំវេទិកាសន្ដិភាពកម្ពុជាថ្នាក់កណ្ដាល ប្រមាណ៣៨០នាក់។
ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឡើងរាយការណ៍សង្ខេប អំពីលទ្ធផលការងារដែលវេទិកាសន្តិភាពសម្រេចបានកន្លងមក ក្នុងកិច្ចការលើកកម្ពស់គុណតម្លៃ នៃសន្តិភាព ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកៀរគរ រៃអង្គាសជាថវិកា និងសម្ភារៈចាំបាច់ ដើម្បីជួយដល់វីរកងកម្លាំង ជួរមុខ និងជនភៀសសឹកនៅក្នុងដំណាក់កាលដ៏លំបាកផងដែរ។ លោកក៏បានផ្ដាច់ប្ដេជ្ញាចិត្តបន្ដបេសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃវេទិកាសន្តិភាពកម្ពុជា ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធនធាន និងសម្ភារៈ ដើម្បីបំពេញកិច្ចការងារជូនជាតិមាតុភូមិ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការរីកដាំដាលនៃវេទិកាសន្តិភាពកម្ពុជា គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់អង្គការក្នុងការបម្រើសង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកដល់សមាជិកទាំងអស់ ឲ្យខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដុសខាត់សមត្ថភាព ចំណេះ និងជំនាញឲ្យកាន់តែមានសក្តានុពល ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ព្រមទាំងអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព៕































