នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរីបានអញ្ជេីញជាគណៈអធិបតីក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង !
ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ និស្សិតសាកលវិទ្យាល័យស្វាយរៀង កីឡាករ កីឡាការិនី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន .ស .ស.យ .ក សមាគមន៍អ្នកជិះកង់ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ២,០០០នាក់ ។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ ដែលបានផ្តល់នូវជំនឿទុកចិត្ត និងសម្រេចនាំយកព្រឹត្តិការណ៍ដ៏ឱឡារិកនេះមករៀបចំនៅក្នុងខេត្តស្វាយរៀងសាជាថ្មីម្តងទៀត និងជាខេត្តទី១មុនគេ ក្នុងការរៀបចំពិធីរត់ភ្លើងគប់ក្នុងចំណោមខេត្ត ដែលទទួលសហការធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ ហើយក៏ជាព្រឹត្តិការណ៍លើកទីពីរជាប្រវត្តិសាស្ត្រ ដែលខេត្តស្វាយរៀងមានកិត្តិយសបានទទួលរៀបចំនូវកម្មវិធីកីឡាជាតិដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ជាមួយនិងក្តីរំភើបរីករាយប្រកបដោយមោទនភាពផងដែរ។
សូមជម្រាបជូនថា ដំណើការនៃពិធីរត់ភ្លើងគប់ក្នុងឱកាសនោះមានប្រវែងប្រមាណ៣.៥៥០ម៉ែត្រ ដោយមានឯកឧត្តមគណៈអធិបតីរត់កាន់ភ្លើងគប់ចាប់ផ្តើមដំបូង បន្តបន្ទាប់ជូនទៅលោកអភិបាលរងខេត្ត និងមន្ទីរ-អង្គភាព ក្រោមរូបភាព រត់ជាបណ្តាក់គ្នារហូតដល់គោលដៅ ដែលមន្ទីរចុងក្រោយគេគឺមន្ទីរអប់រំ យុវជន និងកីឡា ហើយពិធីនេះបានប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ ប្រកបដោយសាមគ្គីភាព ភាតរភាព មិត្តភាព និង ភាពស្និទ្ធស្នាលបំផុត៕













































