នាថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងដើម្បីវាយតម្លៃ និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងទឹកនៅទំនប់អូរតេធិបតីក្នុងរដូវវស្សា។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគសាងសង់ទំនប់នេះឡើង ក្នុងគោលបំណងស្ទាក់ និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ពហុបំណង ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឥសាន ព្រមទាំងចូលរួមចំណែកអភិវឌ្ឍឱ្យទៅជាតំបន់ទេសចរណ៍ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ចាន់ ស៊ីណាត បានណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការថែទាំ តាមដានស្ថានភាពកម្ពស់ទឹកជាប្រចាំ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហានិភ័យ ឬគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ដើម្បីអាចចុះអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕


