អនុប្រធានទី១ ព្រឺទ្ធសភា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនវិរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងទិសយោធភូមិភាគទី៤


ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជូនដល់វិរយុទ្ឋជនឈរជើងនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា (ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤។

ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរកងទ័ពនៅគ្រប់ទីកន្លែង ឯកឧត្តមអនុប្រធានទី១ ព្រឺទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការនឹករឮក និងការសាកសួរសុខទុក្ខ ព្រមទាំងសព្វសាធុការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្តូផ្តាច់ការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា។

លោកអនុប្រធានទី១ បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមបណ្តោយព្រំដែន សូមប្រកបតែសុខភាពល្អ និងទទួលបានជ័យជំនះលើពួកឈ្លានពាន។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ការឈឺចាប់ ដែលបង្កឡើងដោយការរំលោភបំពានយ៉ាងឃោរឃៅរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា មិនបានធ្វើឱ្យប្រជាជាតិយើងចុះទន់ខ្សោយនោះទេ ផ្ទុយទៅវិញ ទង្វើទាំងនេះបានដុតបញ្ឆេះនូវសន្ទុះសាមគ្គីភាពយ៉ាងខ្លាំងក្លា និងឯកភាពជាតិដ៏រឹងមាំដែលមិនអាចរង្គោះរង្គើបាន នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់សម្តេចធិបតី។ សាមគ្គីភាពនេះ ដែលកើតចេញពីជម្រៅទឹកចិត្ត និងមិនងាករេ មិនត្រឹមតែជាខែលការពាររបស់ប្រទេសជាតិក្នុងគ្រាដ៏លំបាកនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពជាតិដ៏អស្ចារ្យបំផុត ក្នុងនាមជាប្រជាជាតិអធិបតេយ្យមួយ ដែលប្តេជ្ញាការពារទឹកដី មរតក និងអនាគតរបស់ខ្លួន។

ជាមួយនិងវត្តមានដ៏ថ្លៃថ្លារបស់ព្រះអង្គ ជាមួយលោកអនុប្រធានទី១ព្រឹទ្ធសភា និងសហការី នៅក្នុងឱកាសសំណេះសំណាលជាមួយវីរកងទ័ពឈរជើងនៅទិសខេត្តព្រះវិហារ យោធភូមិភាគទី៤ និងថ្មដា ខេត្តពោធិ៍សាត់ ព្រះធម្ម វនវាសី ចន្ទ មុនី បាននិមន្តប្រោសព្រំ និងប្រសិទ្ឋពរជ័យជូនដល់វិរៈយុទ្ឋជន ព្រមទាំងចូលរួមចែកអំណោយដល់គ្រួសារវិរយុទ្ឋជនផងដែរ៕