នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ស្តេចយាងធ្វើដំណើរចាកចេញពីកម្ពុជាហើយ ដើម្បីពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈព្រះរាជសារ នៅក្នុងឱកាសអវត្តមានរបស់ព្រះករុណាព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងទទួលជួយ ក្នុងព្រះបរមនាមព្រះមហាក្សត្រ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួត រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។
ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ៕















































