វគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មសំណង់ស៊ីវិល គម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់កិច្ចប្រតិបត្តិការរក្សាសន្តិភាពនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីបិទវគ្គនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងលោកវរសេនីយ៍ឯក ហារ៉ា តាកាហ្ស៊ី (HARA Takashi) អនុព័ន្ធយោធាជប៉ុន ប្រចាំកម្ពុជា តំណាងក្រសួងការពារជាតិជប៉ុន។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា បានវាយតម្លៃខ្ពស់ចំពោះយោធាចារ្យជប៉ុន ដែលបានចែករំលែកបទពិសោធន៍ ចំណេះជំនាញ ដើម្បីធានាបាននូវធាតុចូលបន្ថែមទៀតលើជំនាញវិស្វកម្ម ពិសេសសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍វិស្វកម្មធុនធ្ងន់សម្រាប់ប្រសិទ្ធភាពនៃការចូលរួមប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រសួងការពារជាតិជប៉ុនចំពោះការឧបត្ថម្ភគាំទ្រដោយឥតឈប់ឈរតាំងពីដើមរៀងមក។
លោកឧត្តមសេនីយ៍ទោ សែម រតនា បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមយោធាចារ្យជប៉ុន និងគណៈគ្រប់គ្រងវិទ្យាស្ថាន ដែលបានខិតខំពុះពារផ្ទេរចំណេះដឹងដ៏មានតម្លៃ បង្កើនសមត្ថភាពដល់សិក្ខាកាមទាំង២០រូប លើជំនាញវិស្វកម្មសំណង់ស៊ីវិលផ្តោតលើការបញ្ជា ប្រើប្រាស់រថយន្តស្ទូច (Crane) ដើម្បីឆ្លើយតបទៅនឹងការពង្រឹងលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាព កងយោធពលខេមរភូមិន្ទឱ្យមានដំណើរការស្របទៅតាមបរិបទសហសវត្សថ្មី និងសមស្របតាមគន្លងនៃផែនការកែទម្រង់កងយោធពលខេមរភូមិន្ទឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើការក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ទោ សែម រតនា បានគូសបញ្ជាក់ថា វគ្គនេះប្រមូលផ្តុំដោយសិក្ខាកាមដែលស្ទើរតែគ្មានសមត្ថភាពលើមូលដ្ឋានបញ្ជា ប្រើប្រាស់គ្រឿងចក្រ ប៉ុន្តែដោយភាពប៉ិនប្រសព្វរបស់យោធាចារ្យជប៉ុន រួមនិងការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់សិក្ខាកាម ធ្វើឱ្យវគ្គនេះឈានដល់ទទួលជោគជ័យគួរជាទីពេញចិត្ត។
លោកបានចូលរួមអបអរសាទរជាមួយសិក្ខាកាមដែលបានពុះពាររហូតទទួលបានជោគជ័យនាពេលនេះ ហើយថាចំពោះវិញ្ញាបនបត្រដែលសិក្ខាកាមត្រូវទទួលបាននៅពេលនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាមោទនភាពដ៏ធំធេងសម្រាប់សិក្ខាកាមផ្ទាល់ និងអង្គភាពផងដែរ តែទោះជាយ៉ាងណាចំណេះដឹងតែមួយមុខគត់ពិតជាមិនគ្រប់គ្រាន់ឡើយ លោកបានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននាពេលនេះត្រូវបន្តខិតខំប្រឹងប្រែង និងបន្តធ្វើវឌ្ឍនភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត និងសូមយកចំណេះដឹងដែលបានពីក្រុមគ្រូយោធាចារ្យជប៉ុនទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធិភាព។
សូមបញ្ជាក់ជូនដែរថា កន្លងមកមជ្ឈមណ្ឌលជាតិបានធ្វើសហប្រតិបត្តិការជាមួយភាគីជប៉ុន លើផ្នែកបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្សបម្រើឱ្យវិស័យរក្សាសន្តិភាពចាប់ពីឆ្នាំ២០១៣ ដល់ពេលនេះ អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងជប៉ុនពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងតំបន់នៃប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ចាប់ពីពេលនោះជប៉ុន បានការបណ្តុះបណ្តាលជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ដោយបណ្តុះបណ្តាលបានវិស្វករ១វគ្គ ចំនួន ១៥នាក់ និងសិក្ខាកាមជាអ្នកជំនាញមួយចំនួនផងដែរ៕





















