ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណជន ឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំដោយ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។ វេទិកានេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត និងប្រជាពលរដ្ឋជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) សរុបចំនួន ១៥៨នាក់។
នាឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពី គុណតម្លៃនៃសុខសន្ដិភាព ដែលជាបរិស្ថានគ្របដណ្តប់ និងជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
សូមជម្រាបដែរថា វេទិកានេះ បានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ សាធារណជនឱ្យបានជ្រាបអំពីកម្មវិធីនយោបាយ និងលទ្ធភាពថវិកាដែលក្រសួងអភិវឌ្ឍន៍ជនបទបានទទួលការអនុម័តពីរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីយកមកបំពេញបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យកាន់តែល្អប្រសើរ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ និងគៀគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

















