ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមាតា និងទារក នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខា និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ចំនួន ៥០នាក់ (ក្នុងនោះមានស្ត្រីសម្រាលបានកូនភ្លោះម្នាក់) នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ «ទិវាជាតិសុខភាពមាតា ទារក និងកុមារ» ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះ មុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្ដាយ និងទារកមានសុខភាពល្អ។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល សម្តេចតែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពមាតា និងទារកនៅទូទាំងប្រទេស។
ឯកឧត្តម ក៏បានថ្លែងកោតសរសើរចំពោះស្មារតី និងព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមរបស់មាតាបិតាគ្រប់រូបក្នុងការចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងបានគូសបញ្ជាក់ថា ទោះបីអត្រាមរណភាពមាតា និងទារក មានការថយចុះគួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែសុខភាពមាតា និងកុមារ នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមក៏លើកទឹកចិត្តឱ្យអ្នកម្ដាយគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពតាមរយៈការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ បំបៅដោះកូនដោយទឹកដោះម្ដាយ និងនាំកូនៗទៅចាក់វ៉ាក់សាំងបង្ការឱ្យបានគ្រប់ដូសតាមកាលកំណត់។»
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាតានីមួយៗនាឱកាសនោះ រួមមាន៖ មុងគ្រប១, ឈុតសម្លៀកបំពាក់ទារក ១កំប្លេ, ស្រោមដៃស្រោមជើង, សាប៊ូទឹកសម្រាប់ទារក, កន្សែង, ឈុតពូកខ្នើយទារក, ប្រេងកូឡា, កន្ត្រកជ័រ និងថវិកាលើកទឹកចិត្តចំនួន ២០,០០០រៀលផងដែរ ៕













