លោកជំទាវ ឃួន ឃុនឌី៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋ ពេលជួបលំបាកគ្រប់កាលៈទេសៈ


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋពេលជួបលំបាកគ្រប់កាលៈទេសៈ។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារជនភៀសសឹក មកស្នាក់នៅបណ្តោះអាសន្ននៅស្រុកកំពង់ស្វាយ១០៦ គ្រួសារ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់ស្វាយ ដោយមានការអញ្ជើញចូលរួមពីលោកស្រី យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះមូលើដ្ឋានស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំងជាច្រើនរូប។

ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។

លោកជំទាវ អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំនិងវីរកងទ័ពដ៏អង់អាចក្លាហាន របស់យើងនៅសមរភូមិជួរមុខដែលបានខិតខំប្រយុទ្ធជាមួយចោរសៀម ឈ្លានពាន។ លោកជំទាវ បានជំរុញដល់បងប្អូនទាំងអស់ថែទាំសុខភាពឲ្យបានល្អ ពិសេសយកចិត្តទុក្ខដាក់កូនៗតូចៗនៅក្នុងបន្ទុកឲ្យបានដិតដល់។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់៕