ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងគ្រឿងញៀនខុសច្បាប់ លើកទី១១។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរាយការណ៍អំពីលទ្ធផល និងការបែកចែកតួនាទីភារកិច្ចទៅកាន់អនុគណៈកម្មការនីមួយៗ ដែលអគ្គលេខាធិការដ្ឋានបានបង្កើតឡើង ដើម្បីសហការរៀបចំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅឲ្យសន្និបាតនេះប្រព្រឹត្តទៅដោយរលូន និងប្រមូលបានធាតុចូលគ្រប់គ្រាន់។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការឯកភាព និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលថ្នាក់ដឹកនាំអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយភាគីពាក់ព័ន្ធ ទាំងខុទ្ទកាល័យរបស់ឯកឧត្តមសន្ដិបណ្ឌិតផ្ទាល់ ក្នុងការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួន សំដៅឲ្យសន្និបាតនៅថ្ងៃខាងមុខ អាចដំណើរការទៅបានរលូន និងធានាបានសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។
សម្រាប់ដំណើរការសន្និបាតនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀប នឹងដឹកនាំបែងចែកក្រុមពិភាក្សាដោយផ្ទាល់ ដើម្បីក្ដាប់យកនូវបញ្ហាប្រឈម និងដាក់ចេញវិធានការដោះស្រាយ អន្ដរាគមន៍ឲ្យបានសមស្របចំទិសដៅតែម្ដង។
ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងគ្រឿងញៀនខុសច្បាប់ លើកទី១១ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តមបន្ដថា ពិធីបិទសន្និបាតឆ្នាំនេះ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដល់កិត្តិយសអញ្ជើញជាអធិបតីដោយផ្ទាល់ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ដោយឡែក បន្ទាប់ពីសន្និបាតបានបញ្ចប់ទៅឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានណែនាំដល់អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំផែនការសកម្មភាពការងារឲ្យបានច្បាស់លាស់ សំដៅពង្រឹងរបៀបរបបការងារ និងប្រើប្រាស់យន្ដការ MoU ជាមួយវិស័យឯកជន ដើម្បីចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕




















