សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការ និងពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនី


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅវិមានសន្តិភាព។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ជជែក​​ពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០​ នៃអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយ​ភាសា​បារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ​២០២៦នេះ។ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និង​គណៈ​ប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។

នៅក្នុងជំនួបនោះ លោកស្រី​អគ្គ​លេខាធិការ បានបង្ហាញពីការតាមដានរបស់លោកស្រីលើបញ្ហាព្រំដែនរវាងកម្ពុជា និង​ថៃផងដែរ។ លោកស្រីអគ្គលេខាធិការ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្នុង​ដំណើរ​មកកម្ពុជានាពេលនេះ លោកស្រីនឹងអញ្ជើញទៅសួរសុខទុក្ខជនភៀសសឹក ដែលមិន​ទាន់​បានត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ៕