ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត


លោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត នៅថ្ងៃអនាគត។

ការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលលោកស្រីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកស្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ក្នុងអាណត្តិការទូតរបស់លោកស្រីនៅកម្ពុជា។

លោកស្រីបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីមោទនភាពរបស់លោកស្រី ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងជាផ្នែកមួយដែលបានឃើញនូវការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា មានជាអាទិ៍៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, ការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រមទាំងការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ជាដើម។ លោកស្រីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកស្រីឯកអគ្គរដ្ឋទូត TEO Lay Cheng ក្នុងការចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ឲ្យកាន់តែរឹងមាំ។ សម្ដេចធិបតី ក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកស្រីផងដែរ ដែលទទួលការតែងតាំងសម្រាប់ភារកិច្ចថ្មីរបស់លោកស្រី។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សិង្ហបុរីក្នុងការគាំទ្រ និងជំរុញឲ្យមានបទឈប់បាញ់របស់វាងកម្ពុជា និងថៃ នាពេលកន្លងមក។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសក្ដានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនលោកស្រី អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជា នៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូតសង្ឃឹមថា បញ្ហានៃជម្លោះព្រំដែននេះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី៕