សារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ៥២ គុណ៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ១០៨ម៉ែត្រ គុណ ១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤ ០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាព ទាំងមូលសរុបប្រមាណ១៤ ៨ហិកតា។
សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC។
អគារសន្ដិភាពនេះសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។
ទន្ទឹមនឹងនេះ ពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជំនួយនេះជាផ្លូវការ នឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ រូបភាព និងការតាក់តែងខាងក្នុងអគារបានបញ្ចប់។
សូមបញ្ជាក់ថា សារមន្ទីរតេជោសន្តិភាពនេះត្រូវបានកសាងឡើង ដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រក្នុងស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្មនៃសង្គ្រាមនៅព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពប្រសិទ្ធនាមសារមន្ទីរនេះថា «សារមន្ទីរតេជោសន្តិភាព»។
ឯកឧត្តម ហេង រតនា អគ្គនាយក CMAC សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃ សម្រាប់ការសាងសង់អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនេះឡើង។
ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្រ្តី JICA ក៏ដូចជាក្រុមហ៊ុន consultants ”The consortium of Oriental Consultants Global Co. Ltd and the Japan International Cooperation System” និងក្រុមហ៊ុនសំណង់ SATO KOGYO គ្រប់ឋាននុក្រម ដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថាសំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឲ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕













