រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ នៅខេត្តតាកែវ


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ ដែលស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ពិធីដ៏ឱឡារិកនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, តំណាងក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលខេត្ត, លោកអគ្គនាយកនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ, លោកប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង, កងកម្លាំងទាំង ៣ប្រភេទ, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ), លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។

នាឱកាសនោះដែរ លោក ទុយ សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គម ក៏ដូចជា ការរីកចម្រើននិងសមិទ្ធផល ដែលសម្រេចបាននានានៅក្នុងខេត្តតាកែវ។ បន្ទាប់មក លោក Kim Doohwan ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង បានធ្វើរបាយការណ៍នៃការអនុវត្តគម្រោងជូនដល់អង្គពិធី។

ជាមួយគ្នានោះ លោក Kwon Young Jun អគ្គនាយកនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) បានថ្លែងនូវចំណាប់អារម្មណ៍ដោយបានបញ្ជាក់ជូនថា សាជីវកម្មសហគមន៍ជនបទកូរ៉េ នឹងយកជំនាញបច្ចេកទេស និងបទពិសោធន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកូរ៉េ ដើម្បីសាងសង់មជ្ឈមណ្ឌលនៅក្នុងខេត្តតាកែវ ដោយបំពាក់នូវគ្រឿងបរិក្ខារប្រកបដោយគុណភាពខ្ពស់។

លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញមានចំណាប់អារម្មណ៍ដោយបានចែករំលែកនូវបទពិសោធន៍ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជនបទ ជាមួយនិងការប្ដេជ្ញាយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េ នឹងធ្វើដំណើរជាមួយប្រទេសកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ និងភក្តីភាព។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឆាយ ឫទ្ធិសែន បានសម្តែងការអបអរសាទរជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្ត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីការអភិវឌ្ឍ និងការរីកចម្រើននានាលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នានីតិកាលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអភិវឌ្ឍតំបន់ជនបទនៅទូទាំងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនក្នុងសន្ទុះយ៉ាងលឿន តាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួង ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅសហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជនបទការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅសហគមន៍ជនបទ ដើម្បីលើកស្ទួយគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់សហគមន៍ជនបទ។ ជាក់ស្ដែងការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្សនិងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា នេះគឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ហើយនឹងក្លាយជា មជ្ឈមណ្ឌលនវានុវត្តន៍ថ្មី ដែលនឹងផ្លាស់ប្តូរគំរូស្តង់ដារនៃវិស័យជនបទ និងកសិកម្មនៅកម្ពុជា។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រី និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូត ព្រមទាំងគណៈអធិបតី បានអញ្ជើញបញ្ចុះបឋមសិលា ជានិមិត្តរូបនៃការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជាផ្លូវការ៕