សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤៣៤


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តផ្តល់អំណោយជូនគ្រួសារទទួល​បានកូន​ភ្លោះ​៣ ដែលជាគ្រួសារទី៤៣៤។

អំណោយ​រួម​មានថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ​៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២​។ អំណោយដ៏សម្បុរសនេះ ត្រូវបានលោក សេង ទៀង និងភរិយា នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារទទួលបានកូនភ្លោះបី នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ទារិកាភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាកូនលើកដំបូងក្នុងគ្រួសារ មាន​ឪពុកឈ្មោះ ភាត ជ្រឹង អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ វ៉េន តុងអី អាយុ ២៦ឆ្នាំ មុខរបរមេផ្ទះ និងជាជនពិការ រស់នៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញា​ក្រែក ខេត្តត្បូងឃ្មុំ។ ទារិកាភ្លោះទាំងបីនាក់នេះ ប្រសូតនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

នៅចំពោះមុខក្រុមគ្រួពេទ្យ លោកនាយករង មានប្រសាសន៍ថ្លែងអំណរគុណក្រុមគ្រូពេទ្យ​ទាំងអស់ នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដែលបានខិតខំអស់លទ្ធភាព ក្នុងការជួយសំរាល​ទារិកា​ភ្លោះទាំងបីនាក់នេះ រួមទាំងមាតា ដោយសុវត្ថិភាព និងមានសុខភាពល្អប្រសើរ។

ក្នុងឱកាសនោះ លោក សេង ទៀង បានផ្តាំផ្ញើដល់ក្រុមគ្រួពេទ្យបន្តខិតខំតាមដាន​សុខ​ភាព​មាតា និងទារិកា ឱ្យបានជាប់លាប់។ លោក សេង ទៀង ក៏បានផ្តាំផ្ញើដល់ឪពុកម្តាយ​​ទារិកា​ភ្លោះ ត្រូវស្តាប់តាមការណែនាំពីក្រុមគ្រួពេទ្យ បើមានបញ្ហាអ្វីកើតឡើង និងមាន​អា​ការៈ​អ្វីមិន​ស្រួលត្រូវរាយការណ៍ជូនគ្រួពេទ្យប្រចាំការ ជៀសវាងមានគ្រោះថ្នាក់អ្វីមួយ​កើតឡើង​ចំពោះមាតា និងទារិកា។

នៅចំពោះមុខគ្រួសារកូនភ្លោះបី និងក្រុមគ្រូពេទ្យ លោក សេង ទៀង បាននាំយក​នូវ​ការ​​​ផ្តាំ​​ផ្ញើ​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពីសំណាក់​សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​​តែង​តែ​​នឹក​រលឹក​​ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋ នៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់។

លោក​នាយករង បានឱ្យដឹងផងដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ ​រហូត​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ ពោល​រយៈពេលជាង ២៧​ឆ្នាំ​កន្លង​​មក​នេះ មាន​គ្រួសារសម្រាលកូន​ភ្លោះបី​នាក់ ​​ឬ​បួន​នាក់ ​ចំនួន​​៤៣៤គ្រួ​សារ​​​​​រួចហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏​សប្ប​រស​ធម៌ ពី​សម្តេច​តេ​ជោ ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោក​ជំទាវ​បណ្ឌិត ក្នុង​ការ​ជួយ​ទំនុក​បម្រុង​ដល់​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ជាពិ​សេស​ការ​​ចិញ្ចឹម​បីបាច់កូនភ្លោះ​បី​នាក់ ត្រូវ​ជា​ចៅៗ​​របស់​សម្តេច​ នៅ​ពេល​ឆ្លង​ទន្លេរួច។

លោក សេង ទៀង ​បន្តថា ជំនួយ​ឧបត្ថម្ភ​ទាំង​អស់​នេះ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​ ដែល​បម្រើ​ឱ្យ​សកម្ម​ភាព​នយោ​បាយ​នោះទេ ផ្ទុយ​ទៅវិញ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​​កើត​ចេញ​ពីទឹក​ចិត្ត​ជ្រះ​ថ្លា​ប្រកប​ដោយ​​​​​ការ​គិត​គូរ​ខ្ពស់របស់​សម្តេច​តេជោ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រសូត​កូនភ្លោះបី ឬ​បួន​នាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។

លោកនាយករង ក៏បានលើកឡើងផងដែរថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចមហា​បវរ​ធិបតី និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដើម្បី​ជួយ​សម្រាលដល់ការលំបាករបស់គ្រួសារទទួលបានកូនភ្លោះបីនាក់ និងគឺជាគ្រួសារ​លើក​ទី១០ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត៕