លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ។
លោកជំទាវបានលើកឡើងបែបនេះ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ យើងត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ»។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងនាមជាតំណាងគណៈកម្មាធិការអន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីទាំងអស់ បានលើកឡើងថា ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ លោកជំទាវបានបន្ថែមថា ឆ្នាំនេះជាលើកទី២៨ ហើយ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៧ នៃការរៀបចំពិធីជួបជុំរវាងសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិករួម និងអ្នកបម្រើក្នុងវិស័យវប្បធម៌និងសិល្បៈ តាមរយៈគំនិតផ្តួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា។
លោកជំទាវ បានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលយើងបានបន្តអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍ (១១ឆ្នាំ) នេះពិតជាមានសារៈសំខាន់ខ្លាំងឡើងៗ នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ ជាការពិតណាស់ សព្វថ្ងៃយុវជន យើងកំពុងប្រឈមមុខនឹងឥទ្ធិពលដ៏ខ្លាំងក្លានៃចរន្តវប្បធម៌សកល ដែលហូរចូលមកយ៉ាងគំហុកតាមរយៈបច្ចេកវិទ្យាឌីជីថល។ យើងត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍនេះមានទាំងផលវិជ្ជមាននិងផលអវិជ្ជមាន។ ខណៈដែលយុវជនអាចរៀនសូត្រពីពិភពលោកបានយ៉ាងទូលំទូលាយ វប្បធម៌បរទេសក៏បាននិងកំពុង ជះឥទ្ធិពលលើអត្តសញ្ញាណជាតិរបស់យើងផងដែរ។
សូមជម្រាបថា ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន៕











