(កំពង់ធំ)៖ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំចំនួន៧ចំណុចដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នាអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យ។
ការណែនាំបែបនេះរបស់ឯកឧត្តម ម៉ាន សុគ្រី បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ប្រចាំ ឆាំ្ន២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ថ្នាក់ដឹកនាំ និងអង្គភាពជុំវិញខេត្តកំពង់ធំ អង្គការដៃគូ ព្រមទាំងមន្ត្រីកសិកម្មឃុំ សង្តាត់ ជាច្រើនអ្នកផងដែរ។
ឯកឧត្តម ម៉ាន សុគ្រី បានលើកឡើងថា ផ្អែកលើរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ធំ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីលទ្ធផលការងារក្នុងឆ្នាំ២០២៥ ដោយចូលរួមចំណែកក្នុងការ អភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយទៅជាកម្លាំងចលករដ៏រឹងមាំ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រជាកសិករក្នុងខេត្តកំពង់ធំ។
ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដោយភាពប៉ិនប្រសប់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្ដូរមុខមាត់ គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់បត់នូវស្ថិរភាពយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹង មាំនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ដោយផ្អែកលើគោលដៅ ជាយុទ្ធសាស្ត្រ និងទិសដៅការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងដើម្បីថែរក្សាបានស្ថិរភាពផលិតកម្មកសិកម្ម ការផ្តល់សេវាក្នុងវិស័យកសិកម្ម ឱ្យកាន់តែរឹងមាំប្រកប ដោយចីរភាព និងបរិយាបន្ន ក្នុងឆ្នាំ២០២៦នេះ។
ឯកឧត្តមបានផ្ដល់នូវការណែនាំលើកិច្ចការសំខាន់មួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃបន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នាអនុវត្តឱ្យសម្រេចបានលទ្ធផលល្អបន្តទៀត ដោយមានកិច្ចសហការល្អិតល្មួត ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត និងតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត រួមមាន៖
*ទី១៖ ត្រូវបន្តដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២៥ កន្លងមក និងអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវទិសដៅបន្តឆ្នាំ២០២៦
*ទី២៖ ប្រមូលផ្តុំនូវយោបល់ អនុសាសន៍ បញ្ហាប្រឈម និងសំណូមពរនានាពីគ្រប់មជ្ឈដ្ឋាយឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីតាមដាន និងដោះស្រាយឱ្យបានទាន់ពេលវេលា ករណីមិនអាចដោះស្រាយបានត្រូវស្នើសុំការណែនាំបន្ថែមពីរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចៀសវាងទុកបញ្ហាចោល
*ទី៣៖ បង្កើនកិច្ចសហការជាមួយ មន្ទីរ អង្គភាព អង្គការដៃគូរពាក់ព័ន្ធបន្ថែម និងពិនិត្យដោះស្រាយ សម្រួលរាល់បញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះនាពេលកន្លងមក
*ទី៤៖ បន្តពង្រឹងការគ្រប់គ្រងធនធានជលផល និងការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយ និរន្តភាពដោយសហការយ៉ាងជិតស្និទ្ធជាស្ថាប័នអយ្យការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយក្នុងការទប់ និងបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
*ទី៥៖ ត្រូវខិតខំស្រាវជ្រាវ និងបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធវិស័យកសិកម្ម ហើយត្រូវធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា
*ទី៦៖ ត្រូវចូលរួមការអនុវត្តគោលនយោបាយកែទ្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់មួយដ៏មានសារៈសំខាន់ដើម្បីធានាការផ្ដល់រដ្ឋបាលក្នុងវិស័យកសិកម្មជូនប្រជាពលរដ្ឋ និងធុរៈជនឱ្យបានឆាប់ និងទាន់ពេលវេលាប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន
*និងទី៧៖ ត្រូវប្រើប្រាស់ប្រាក់រង្វាន់លើកទឹកចិត្តដែលបានពីការផ្តល់សេវាក្នុងវិស័យកសិកម្មឱ្យចំទិសដៅ៕





















