(ភ្នំពេញ)៖ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។
លោកជំទាវបានឲ្យដឹងបែបនេះ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួប និងប្រគល់សារតាំង។
នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងឱកាសនោះ លោកជំទាវក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេស គឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង។ លោកជំទាវបានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។
នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី ក្នុងដំណើរបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកស្រី មកកាន់តំណែងជាឯកអគ្គរដ្ឋទូតនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា អូទ្រីស បានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស។ សម្ដេចតេជោសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកស្រី នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអូទ្រីសកាន់តែរីកចម្រើនបន្តទៀត។
នៅក្នុងជំនួបនេះ លោកជំទាវ Katharina WIESER បានសម្ដែងការអរគុណចំពោះ សម្ដេចតេជោ ដែលអនុញ្ញាតឲ្យលោកស្រីបានជួបសម្ដែងការគួរសម និងប្រគល់សារតាំងជូននាឱកាសនេះ ក្នុងបេសកកម្មរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ លោកជំទាវបានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ ដោយខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឲ្យកាន់តែរីកចម្រើន។ លោកជំទាវបានលើកឡើងថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ពោល គឺចាប់តាំងពីឆ្នាំ១៩៥៦មក ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នា ហើយទំនាក់ទំនងកន្លងមកនេះ គឺមានភាពល្អប្រសើរ ដោយភាគីទាំងពីរជឿជាក់គ្នាទៅវិញទៅមក ។
ជាការឆ្លើយតប សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូទ្រីសដែលមានរយៈកាល ៧០ឆ្នាំ ដែលសម្ដេចតេជោ ចាត់ទុកថាជាទំនាក់ទំនងមួយដែលមានដំណើរដ៏វែងឆ្ងាយ។ សម្ដេចតេជោ បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ក្នុងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង ជាពិសេស គឺទាក់ទងទៅនឹងការវិនិយោគ ដែលសម្ដេចតេជោសាទរចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន គ្រោងមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនោះ។
សម្ដេចតេជោសង្ឃឹមខ្ពស់ថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកជំទាវ ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានចែករំលែកទៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក នាពេលបច្ចុប្បន្នជាមួយឯកអគ្គរដ្ឋទូតផងដែរ ហើយក៏ឆ្លៀតឱកាសពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកើតឡើងកន្លងមក ហើយពេលនេះ ប្រទេសទាំងពីរកំពុងតែខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណា អនុវត្តនូវបទឈប់បាញ់ឱ្យបានល្អប្រសើរ ក្នុងការធានានូវស្ថិរភាពតាមព្រំដែន និងការដោះស្រាយបញ្ហាដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ និងការចរចាគ្នា៕













