(រតនគិរី)៖ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីកិច្ចផ្សព្វផ្សាយសារាចរលេខ០១ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដែលបានរៀបចំធ្វើឡើងនៅវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា បច្ចុប្បន្ននេះបញ្ហាបរិស្ថាន គឺជាប្រធានបទដ៏ក្តៅគគុកមួយដែលពិភពលោកកំពុងតែផ្តោតការយកចិត្តទុកដាក់។
ឯកឧត្តមបានបន្តថា គ្រោះធម្មជាតិធំៗជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភដូចជា៖ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះព្រៃ ការកើនឡើងកំដៅអូសបន្លាយរយៈពេលយូរនៅរដូវប្រាំង ដែលកើតមាននាពេលថ្មីៗនេះនៅតំបន់អាស៊ី និងនៅក្នុងតំបន់ផ្សេងៗទៀតជុំវិញពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ច ដោយមិនបានគិតគូពីនិរន្តរភាពបរិស្ថាន គឺមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះធម្មជាតិទាំងអស់នេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការបញ្ចេញនូវសារធាតុពុលផ្សេងៗពីការធ្វើអាជីវកម្ម ការធ្វើកសិកម្ម ការបង្កើតរោងចក្រ ឧស្សាហកម្ម ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ។ល។ បានបង្កឱ្យមានការបំពុល បរិយាកាស ការបំពុលបរិយាកាសគឺគ្មានព្រំដែនកំណត់ ហើយការប៉ះពាល់ទៅនឹងសារធាតុបំពុលខ្យល់រយៈពេលខ្លី និងរយៈពេលវែងអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។
ភាគល្អិតនិចល (PM) មានសមាសធាតុដែលជាល្បាយនៃភាគល្អិតសរីរាង្គ និងអសរីរាង្គអណ្តែតក្នុងខ្យល់ដែលសមាសធាតុសំខាន់ៗទាំងនោះមានដូចជា៖ ស៊ុលហ្វាត នីត្រាត អាម៉ូញាក់ កាបូនខ្មៅ។ល។ ភាគល្អិតដែលមានអង្កត់ផ្ចិត ២,៥ pm ឬតូចជាងនេះមានគ្រោះខ្លាំងចំពោះសុខភាព ដោយសារវាអាចជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ ជាមួយភាគល្អិតនិចលក្នុងរយៈពេលវែង ដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទំងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ក្រិនសរសៃឈាម ការវិវឌ្ឍប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។
ឯកឧត្តម សាបូ អូហ្សាណូ បានលើកឡើងថា ហេតុដូចនេះហើយការត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជា ត្រូវបានអនុវត្តតាំងពី ឆ្នាំ១៩៩៩ ហើយនៅពីឆ្នាំ២០១៧ ការត្រួតពិនិត្យគុណភាពខ្យល់ត្រូវបានពង្រឹងបន្ថែម ដោយបានដំឡើង ឧបករណ៍ដំបូងសម្រាប់តាមដានភាគល្អិតនិចល (PM2.5) នៅរាជធានីភ្នំពេញ។
ការដំឡើងឧបករណ៍ និងស្ថានីយចាប់ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្នបានចំនួន ៥៩ទីតាំង (រាជធានីភ្នំពេញ ១៣ទីតាំង និងនៅ តាមបណ្តាខេត្ត ៤៦ទីតាំង) និងមានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន ៣គ្រឿង ព្រមទាំងឧបករណ៍តាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង។ នៅក្នុងខេត្តរតនគីរីនេះ បានដំឡើងឧបករណ៍តាមដានគុណភាពខ្យល់ចំនួន ២ទីតាំង (វិទ្យាល័យសម្តេចម៉ែ) និងសាលាបឋមសិក្សាបរកែវ។
សូមជម្រាបជូនថា ពិធីផ្សព្វផ្សាយនៅថ្ងៃនេះរៀបចំឡើងមានគោលបំណង ដើម្បីជំរុញការ អនុវត្តវិធានការនានានៃសារាចរលេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសការត្រៀម លក្ខណៈរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តស្តង់ដារប្រេងឥន្ធនៈ និងស្តង់ដារការ បញ្ចេញឧស្ម័នពីរថយន្ត ព្រមទាំងការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះព្រៃ ការដុតសំណល់ គល់ជញ្ជាំង សកម្មភាពដុតព្រៃដើម្បីរកសត្វ និងសកម្មភាពនានា នៅក្នុងមូលដ្ឋានដែលរួមចំណែកបង្កឱ្យមានការបំពុលខ្យល់៕














