ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោកជំទាវ ឱម សារី ប្រាជ្ញចន្ទ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការនៃ គ.ជ.ប រៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដែលសម្រិតសម្រាំងដោយក្រសួងកិច្ចការនារី គឺឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ព្រមទាំងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងក្រុមគ្រួសារ ក៏ដូចជាគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
នាឱកាសនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ការខិតខំប្រឹងប្រែង និងលទ្ធផលការងាររបស់ស្រ្តីក្នុងការរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់ គ.ជ.ប ក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនានាស្របតាមការកំណត់នៃច្បាប់។ ការរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា គឺក្នុងគោលបំណងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។
ប្រធាន គ.ជ.ប បានថ្លែងថា ប្រធានបទខាងលើនេះ មានភាពប្រទាក់ក្រឡា និងផ្សារភ្ជាប់យ៉ាងជាក់លាក់នឹងការប្រារព្ធទិវាអន្តរជាតិនារីរបស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «សិទ្ធិ យុត្តិធម៌ និងសកម្មភាពសម្រាប់ស្រ្តីគ្រប់រូប» ដែលផ្តោតលើការអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់នានា ដើម្បីលុបបំបាត់នូវឧបសគ្គរារាំង ការរើសអើង ផ្នត់គំនិត និងទំនៀមទម្លាប់សង្គមដែលប៉ះពាល់ជាអវិជ្ជមានដល់សិទ្ធិស្រ្តី និងក្មេងស្រី ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគាត់រស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព។
ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ គ.ជ.ប តែងតែបានយកចិត្តទុកដាក់លើកទឹកចិត្ត ក៏ដូចជាផ្តល់តម្លៃនារីស្មើភាពដូចបុរសស្របតាមសមត្ថភាព ចំណេះដឹង ជំនាញ អតីតភាព និងគុណវុឌ្ឍិ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង រួមទាំងការចាត់តាំងឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ចំណុចនេះគឺជាសូចនាករបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ គ.ជ.ប ដើម្បីជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ។
បន្ថែមពីនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា មន្រ្តីបោះឆ្នោតនារីភាគច្រើនមានបន្ទុកធ្ងន់ជាងបុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញតួនាទី និងភារកិច្ចជូន គ.ជ.ប ឱ្យមានប្រសិទ្ធភាព និងជាពិសេស ដើម្បីសម្រេចបំណងក្លាយជាមន្រ្តីបោះឆ្នោតដ៏ល្អ និងប្រកបដោយជោគជ័យ។ លោកពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីបោះឆ្នោតនារីទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង ទំនួលខុសត្រូវ និងការលះបង់សម្រាប់គ្រួសារ និងស្ថាប័ន៕




















