នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់ «មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម» ដែលមានទីតាំងស្ថិតក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃមជ្ឈមណ្ឌលនេះថា មិនត្រឹមតែជាសមិទ្ធផលរូបវន្តនៃវិស្វកម្មទំនើបប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ខួរក្បាលឌីជីថល» ដ៏មានសក្ដានុពលក្នុងការប្រមូលផ្ដុំ វិភាគ និងព្យាករណ៍ទិន្នន័យអាកាសធាតុប្រកបដោយភាពជាក់លាក់ខ្ពស់បំផុត។ ឯកឧត្តមបានបន្ថែមថា ការបំពាក់បច្ចេកវិទ្យាឌីជីថលចុងក្រោយនេះ នឹងក្លាយជា «ឆ្អឹងខ្នងយុទ្ធសាស្ត្រ» ក្នុងការគាំទ្រដល់ស្ថាប័នពាក់ព័ន្ធនានា រាប់ចាប់ពីវិស័យកសិកម្ម អាកាសចរណ៍ស៊ីវិល រហូតដល់វិស័យទេសចរណ៍ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ អត្ថប្រយោជន៍ជាសារវន្តបំផុត គឺសមត្ថភាពក្នុងការផ្ដល់សញ្ញាព្រមានជាមុន ដើម្បីបង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលជាបញ្ហាប្រឈមចម្បងក្នុងតំបន់ និងសកលលោក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដោយឈរលើបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់ជាដាច់ខាត។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការធានាសុវត្ថិភាពការដ្ឋាន និងការគ្រប់គ្រងផលប៉ះពាល់បរិស្ថានជុំវិញឱ្យបានល្អប្រសើរ ដើម្បីធានាថា សំណង់ដ៏មានសារៈសំខាន់នេះនឹងផ្ដល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែង៕


