កម្ពុជាត្រៀមសហការជានិច្ចជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្តារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់ថៃ


ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ តំណាងអង្គទូត និងបណ្តាដៃគូអភិវឌ្ឍន៍នានា ស្តីពីវឌ្ឍនភាពនៃការរៀបចំស្តារជីវភាពគ្រួសារភៀសសឹក ដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ, លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិទាំងអស់ ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។

នាឱកាសនោះដែរ លោកបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយនូវផលលំបាកនានា ដែលពលរដ្ឋរងគ្រោះពីការឈ្លានពានរបស់ថៃ និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធដូចជា៖ បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងរយៈពេលចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។

លោកបណ្ឌិតបានបន្តថា ក្រៅពីអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ជួយដល់ពលរដ្ឋភៀសសឹកក្នុងការស្តាជីវភាពឡើងវិញ, ការផ្តល់ជំនួយនានារបស់បណ្តាដៃគូអភិវឌ្ឍន៍ និងបណ្តាលប្រទេសជាមិត្ត ជាមានសារសំខាន់ ជាពិសេសលើការងារស្តារហេដ្ឋារចនាសម្ព័នដូចជា៖ ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ដែលរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ថៃ ព្រោះថាហេដ្ឋរចនាសម្ព័នទាំងនេះ មានសារសំខាន់សម្រាប់ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា ដូចនេះ ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ស្វាគមន៍ និងត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួល នូវរាល់ការចូលរួមនានារបស់ដៃគូរ និងបណ្តាលប្រទេសជាមិត្ត ដើម្បីស្តារជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក៕