ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនវីរៈកងទ័ព២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ


ដោយមានការណែនាំ និងគិតគូយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកទី៦ ខែមីនា ឆ្នាំ២០២៦ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាឧបត្ថម្ភជូនវីរៈកងទ័ព ចំនួន២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសនេះលោកស្រី ឃឹម សុខឃាង បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុក ដាក់ចំពោះកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ ពោលតែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរៈកងទ័ពដែលបានបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។

អំណោយមនុស្សធម៌ដែលបានជូន វីរៈកងទ័ពទាំង២នាក់ នាពេលនេះក្នុងម្នាក់ៗទទួលបានអង្ករចំនួន ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីវអ៊ីវ ១យួរ, ឃីតចំនួន ១(មុង ភួយ សារុង ក្រម៉ា) រួមនឹងថវិកាលោក ញ៉ែម សំអឿន, ថវិកាសាខា និងថវិកាសប្បុរសជនមួយចំនួន សរុប៦៤ម៉ឺនរៀល៕