ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្ដានុពលចម្រុះនៅខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បានបង្ហាញពីស្ថានភាពភូមិសាស្រ្តខេត្តបាត់ដំបង សក្ដានុពល នៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាស្រ្តយ៉ាងប្រទាក់ក្រឡាដែលអំណោយផលដល់ការវិនិយោគ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ខេត្តបាត់ដំបងមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃវេចខ្ចប់នៅមានកម្រិត។ ក្នុងន័យនេះឯកឧត្តម សុខ លូ ស្នើលោកឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិន មកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផល និងឈានទៅបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ ស្នើភាគីចិនពិនិត្យលទ្ធភាពរៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងក្រុង ឬខេត្តណាមួយ នៃប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក វ៉ាង វិនពីន (Wang Wenbin) បានមើលឃើញច្បាស់ពីសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបងហើយស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆា និងអង្កររវាងប្រទេសទាំងពីរជាកិច្ចការអាទិភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និងកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។
លោក វ៉ាង វិនពីន បានលើកឡើងពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំប្រទេសកម្ពុជា ឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងនាំយកសក្ដានុពលរបស់ខេត្តបាត់ដំបង ទៅបង្ហាញដល់អ្នកវិនិយោគចិនដោយលោកចាត់ទុកខេត្តបាត់ដំបងជាខេត្តមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសចិននិងកម្ពុជា។
លោកបានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបងយើងនេះផងដែរ៕

























