ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសដែលចូលមកក្នុងកម្ពុជា ដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ ក្នុងច្បាប់ជាធរមានឡើយ។
ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំស្តីពីអនុក្រឹត្យលេខ០៣ អនក្រ បក ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីស្នាក់នៅ ផ្ទៀងផ្ទាត់មនុស្ស និងបញ្ជីឈ្មោះ ចុះត្រួតពិនិត្យជាក់ស្ដែងតាមទីតាំងរស់នៅប្រមូលផ្តុំក្នុង ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រង សន្តិសុខសុវត្តិភាព ទីតាំងរស់នៅប្រមូលផ្តុំ ម្ចាស់ទីតាំងរស់នៅអ្នគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញ កាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦ នៃអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន ៤០០.០០០ រៀល ដោយមិនទាន់គិតដល់ពីការធ្វេសប្រហែសផ្សេងៗទៀត។
ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ដែលមានចេតនា លាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួល ខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤.០០០.០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។
ឯកឧត្តមបានបន្ថែមថា «អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជា ដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំណាមួយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ បែបបទនិងនីតិវិធីនៃការផាកពិន័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបទប្បញ្ញត្តិឡាំងឡាយណាដែលផ្ទុយនិងអនុក្រិត្យនេះត្រូវទុកជានិរាករណ៍»។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថាឲ្យដឹងថា ការត្រួតពិនិត្យរដ្ឋបាល សំដៅដល់ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះស្នាក់នៅ ផ្ទៀងផ្ទាត់មនុស្សនិងបញ្ជីឈ្មោះ ឬចុះត្រួតពិនិត្យជាក់ស្ដែងតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធ្វើការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សំដៅដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើដែលបង្កឲ្យមានការប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណះ និងការត្រួតពិនិត្យប្រព័ន្ធការពារសន្តិសុខ ជាប្រចាំជាដើម។
ឯកឧត្តមបានឲ្យដឹងបន្តទៀតថា ទីតាំងរស់នៅប្រមូលផ្តុំ សំដៅដល់ទីសំណាក់ប្រមូលផ្ដុំ និងលំនៅឋានប្រមូលផ្ដុំនៃគ្រឹះស្ថាន ឬសហគ្រាសសាធារណៈ ឬឯកជន រួមមានបុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ អគារសហកម្ម សិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស តំបន់ដីសម្បទានសេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ អន្តវាសិកដ្ឋាន វត្តអារាម វិហារសាសនា និងមណ្ឌលថែទាំកុមារកំព្រាជាដើម។
ឯកឧត្តមថា ស្នងការនគរបាលខេត្ត និងអធិការនគរបាលក្រុងស្រុក ត្រូវធ្វើជាសេនាធិការជូនរដ្ឋបាលខេត្ត ក្រុង ស្រុក រៀបចំធ្វើផែនការ និងដឹកនាំគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ អនុវត្តផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប្រចាំ ត្រូវធ្វើការណែនាំដល់ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងការផ្តល់របាយការណ៍អំពីចំនួន អ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំរបស់ខ្លួន ឲ្យបានទៀងទាត់តាមពេលកំណត់មិនឲ្យមានការអាក់ខានឡើយ៕




















