រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦


ក្នុងឱកាសពិធីប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកយកគោលការណ៍ ៥ចំណុច សម្រាប់ជាមូលដ្ឋានឲ្យស្ត្រីអនុវត្ត។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកយកគោលការណ៍ចំនួន ៥ចំណុច សម្រាប់ជាមូលដ្ឋានដល់ស្ត្រីអនុវត្ត ក្នុងនោះ៖

*ទី១៖ ត្រូវតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាពព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ព្រោះថា ស្ត្រីជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

*ទី២៖ ស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិចំណេះដឹង និងគុណធម៌។ ស្ត្រីតំណាងឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើនបទពិសោធន៍កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្ត្រីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។

*ទី៣៖ ស្ត្រីទាំងឡាយ ពិតប្រាកដណាស់ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្លងផ្លូវគតិបណ្ឌិត»។

*ទី៤៖ ជាការពិតណាស់ ប្រទេសកម្ពុជាយើងជាប្រទេសដែលកំពុងទទួលបានសុខសន្តិភាព និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុក និងការយល់ដឹងអំពីសិទ្ធិ និងតួនាទីរបស់ស្ត្រី ដូច្នេះ ដើម្បីកសាងសង្គមមួយដែលកាន់តែមានបរិយាបន្ន សមធម៌ និងសុខដុមរមនា យើងត្រូវបន្តអនុវត្តគោលនយោបាយ និងវិធានការនានា ឱ្យស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយធានាបាននូវប្រសិទ្ធភាព និងភាពស៊ីជម្រៅក្នុងការអនុវត្ត។

*ទី៥៖ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ បន្តខិតខំបំពេញការងារប្រកបដោយសាមគ្គីភាព ក្តីស្រឡាញ់ មេត្តា និងប្រាស្រ័យទាក់ទងគ្នាដោយក្តីញញឹម និងកាន់តែល្អប្រសើរ និងចេះជួយយកអាសារគ្នាទៅវិញទៅមកដោយទឹកចិត្តរាប់អានដ៏ស្មោះស្ម័គ្រ និងយោគយល់គ្នា៕