នាថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារជាក់ស្តែងនៅការដ្ឋានសាងសង់ «ទំនប់លេខ២» ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននិងកំពុងអនុវត្តគម្រោងយ៉ាងសកម្ម ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនម៉ៅការ និងក្រុមវិស្វករប្រចាំការដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើគុណភាពសំណង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់ ដើម្បីធានាឱ្យបាននូវភាពរឹងមាំ និងអាចប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែង។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានជំរុញឱ្យមានការត្រួតពិនិត្យរាល់ដំណាក់កាលសាងសង់ឱ្យបានហ្មត់ចត់បំផុត ដោយផ្តល់អាទិភាពខ្ពស់លើសុវត្ថិភាពការងារ និងគិតគូរពីផលប៉ះពាល់បរិស្ថានជុំវិញការដ្ឋាន ដើម្បីធានាបាននូវសង្គតិភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព៕


