ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ជាមួយសាសនិកឥស្លាម ១,២០០ នាក់ នៅខេត្តកំពង់ឆ្នាំង


នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់  សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ជាមួយសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងចំនួន ១,២០០ នាក់ នៅបរិវេណវិទ្យាល័យអាពូប៉ាកេីរឥស្លាមកម្ពុជា ស្ថិតនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពិធីជួបជុំពិសាអាហារស្រាយបួសនេះ ក្រោមព្រះរាជអំណោយ របស់ព្រះចៅ សាល់ម៉ាន ពិនអាប់ឌុលអាហ្សុីស អាល់សាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម សហការរៀបចំដោយគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង និងគណៈអ៊ីមាំខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនថ្នាក់ជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែរៀបចំជូនសាសនិកឥស្លាមប្រមាណ ៦,៥០០ នាក់ ជារៀងរាល់ឆ្នាំនោះ ត្រូវបានអាក់ខាននៅឆ្នាំនេះ និងលើកពេលទៅរៀបចំនៅឆ្នាំក្រោយវិញ ដោយសារកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះចៅ សាល់ម៉ាន ពិនអាប់ឌុលអាហ្សុីស អាល់សាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានថ្វាយព្រះរាជអំណោយអាហារស្រាយបួសដល់សាសនិកឥស្លាមចំនួន ១,២០០ នាក់ នៅកំពងឆ្នាំងនាពេលនេះ ដែលជាសក្ខីភាពនៃចំណងសាមគ្គីភាពដ៏រឹងមាំ និងការយកចិត្តទុកដាក់យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត មកកាន់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុងនាមជាគ្រួសារឥស្លាមតែមួយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី រំលឹកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាស់តឿនឱ្យបងប្អូនសាសនិកឥស្លាមបង្កើនការធ្វើសប្បុរសធម៌ និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ជាពិសេសក្នុងខែដ៏រ៉ម៉ាឌនដ៏ពិសិដ្ឋនេះ និងលើកទឹកចិត្តឱ្យបងប្អូនប្រើប្រាស់ឱកាសនៃការជួបជុំនេះ ដើម្បីពង្រឹងសាមគ្គីភាព និងក្តីស្រឡាញ់រវាងគ្នានិងគ្នា។