សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា នៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សសប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត និងសូមជូននូវសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយកម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលបានសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើម និងនារីគំរូដ៏ស្វាមីភក្តិមួយរូប ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយទស្សនវិស័យ សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ ដោយប្រកាន់ខ្ជាប់ខ្ជួនក្នុងប្រតិបត្តិការមនុស្សធម៌ សុខុមាលភាពសង្គម និងការអភិវឌ្ឍស្ថាប័ន។
តាមរយៈបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន កាកបាទក្រហមកម្ពុជា បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុតអង់អាចក្លាហាន ចុះជួយសម្រាលទុក្ខលំបាករបស់ប្រជាជននៅតាមព្រំដែន ដែលរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ពិសេសជាងនេះ គុណូបការៈនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកស្ទួយសិទ្ធិ សេរីភាព សមត្ថភាព និងសុខុមាលភាពនារី ក្នុងន័យថា ស្ត្រីពិតជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីសង្គមកម្ពុជាមួយកាន់តែមានសន្តិភាព ភាពធន់ និងសុវត្ថិភាព។
នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅៗជាទីស្រឡាញ់ សូមជួបតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


