សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាស ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើង ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖

បពិត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លានៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីសោមនស្សរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត និងសូមថ្វាយនូវព្រះសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ក្នុងព្រះរាជតួនាទីជា ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេស ដោយព្រះរាជហប្ញទ័យយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខទុក្ខ និងជីវភាពរបស់កូនចៅ ព្រះអង្គ តែងតែចូលរួមការពារ គាំទ្រ និងលើកកម្ពស់សមភាពយេនឌ័រ តួនាទីស្ត្រី និងក្មេងស្រីកម្ពុជា។

ប្រធានបទស្ត្រីឆ្នាំនេះ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ពិតជាមានអត្ថន័យ និងសារៈសំខាន់ឆ្លើយតបទៅនឹងបរិការណ៍សេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន ព្រមទាំងបានបង្ហាញអំពីការចូលរួមយ៉ាងសកម្មរបស់ស្រ្តី ដែលជាឆ្អឹងខ្នងទ្រទ្រង់ដល់កិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ពិសេសក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត និងលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ យាងបីបាច់ថែរក្សាអភិបាលប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ សម្ដេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវអភិវន្ទនាការដ៏មហាខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕»