សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បា​នផ្ញើសារជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

នៅក្នុងឱកាសដ៏មហាបវរថ្លៃថ្លានៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សប្រកបដោយភាពកក់ក្តៅ និងជូនសព្ទសាធុការពរជូនចំពោះ លោកជំទាវបណ្ឌិត។

លោកជំទាវបណ្ឌិត ក្នុងនាមជាអ្នកដឹកនាំ និងជាស្ត្រីទីមួយ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញករណីយកិច្ចបានយ៉ាងល្អប្រពៃក្នុងការលើកតម្កើងគុណូបការៈដ៏ខ្ពង់ខ្ពស់ចំពោះយុទ្ធជន យុទ្ធនារី និងជួយសម្រួលទុក្ខលំបាករបស់ប្រជាជនភៀសសឹកប្រកបដោយភាពស្វាហាប់ និងអនុកម្បចិត្តតាមគ្រប់សកម្មភាព។

លោកជំទាវ តែងតែបានផ្ដល់អនុសាសន៍និងពាក្យពេចន៍លើកទឹកចិត្ត និងសកម្មភាពបណ្តុះស្មារតីចំពោះក្មេងស្រី និងស្ត្រី ប្រកបដោយឥរិយាបថទន់ភ្លន់ រាបសា រឹងមាំ និងជាគំរូនៃមគ្គុទ្ទេសិកាដ៏ប្រពៃដល់ស្ត្រី និងក្មេងស្រីកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងតម្លៃ សំដៅបង្កើនការរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។

«នៅពីក្រោយភាពជោគជ័យរបស់ប្រទេសជាតិ គឺមានវត្តមាននៃកម្លាំងចលករស្ត្រីដ៏ស្វាហាប់»។

នាឱកាសដ៏ឧដុង្គឧត្តមនេះ ខ្ញុំសូមជូនពរជ័យសិរីមង្គលគ្រប់ប្រការជូន លោកជំទាវបណ្ឌិត និង សម្តេចមហាបរវធិបតី ព្រមទាំងសមាជិកគ្រួសារ និងសូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕