សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា នៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សសប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្ដៅបំផុត និងសូមជូននូវសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូន សម្តេចមហារដ្ឋសភាធិការធិបតី សូមប្រកបដោយកម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរដើម្បីដឹកនាំ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលបានសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។
ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី រដ្ឋសភា សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ និងអភិវឌ្ឍន៍បានយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ជាងនេះទៅទៀត សម្ដេច និងសមាជិការដ្ឋសភាផ្សេងទៀត តែងតែបំពេញបេសកកម្មការងារនៅតាមមណ្ឌលរាជធានី ខេត្តរៀងៗខ្លួន រួមទាំងចូលរួមក្នុងវេទិកាជាតិ និងអន្តរជាតិនានា ដើម្បីធានាការលើកកម្ពស់ការគោរពសិទ្ធិស្ត្រី និងក្រុមគ្រួសារ ដែលផ្ដល់នូវបរិយាកាសដ៏មានអំណោយផលមួយដែលអាចឱ្យពួកគេរស់នៅប្រកបដោយសុខសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានអំពើហិង្សា និងផ្តល់ជូនស្រ្តីនូវឱកាសក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តកសាង អភិវឌ្ឍ និងថែរក្សាសុខសន្តិភាពដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។
នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ សូម សម្តេចមហារដ្ឋសភាធិការធិបតី សូមជួបតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


