ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានថ្លែងថា ស្រី្តគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាគ្រឹះដ៏រឹងមាំនៃសុភមង្គលក្នុងគ្រួសារ។ រដ្ឋបាលខេត្តក៏បានប្ដេជ្ញាចិត្តបន្តជំរុញសមភាពយេនឌ័រ និងបង្កើនកិច្ចការពារសុវត្ថិភាពជូនស្ត្រីនៅគ្រប់ទីកន្លែង។
ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានធ្វើឡើងនៅក្នុងឱកាសដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»នាព្រឹកថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២៦។
ពិធីនេះមានការចូលរួមជាអធិបតីពីឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបន្តថា ការរៀបចំអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ប្រធានបទនេះរំលឹកថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ។
បន្ថែមលើសពីនេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ការបង្កើតតួនាទីរបស់ស្ត្រីក្នុងកិច្ចការសាធារណៈ និងការសម្រេចចិត្ត ព្រោះស្ត្រីគឺជាអ្នកដើរតួអង្គយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទ និងកសាងសុខដុមរមនាក្នុងសហគមន៍។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅ របស់ប្រជាជនប្រកបដោយសុខដុមរមនា៕





















